ការពិពណ៌នា
ប្រទេសកម្ពុជាជាប្រទេសមួយ ដែលសំបូរទៅដោយទំនៀមទំលាប់ប្រពៃណី និងអក្សរសាស្ត្រជាច្រើន។ កម្ពុជាសំបូរទៅដោយរឿងព្រេងនិទាន កំនាព្យ និងចំរៀងជាច្រើនប្រភេទដែលជាកេរត៌មរតកតាំងពីបុរាណកាលមក ដែលមិនធ្លាប់បានសរសេរទុកដាក់ជាឯកសារឲ្យបានត្រឹមត្រូវនោះទេរហូតដល់ស.វទី ១៩ និង ២០ ប៉ុន្តែវាជារឿងព្រេងដែលមនុស្សជំនាន់មុនបានចងចាំ ហើយនិយាយតំនាលតៗគ្នាទៅឲ្យកូនចៅជំនាន់ក្រោយរបស់ពួកគេ រហូតមកដល់សព្វថ្ងៃនេះ។
លោកតាក្រុមង៉ុយបានកើតនៅឆ្នាំ ១៨៦៥ និងទទួលមរណភាពក្នុងឆ្នាំ ១៩៣៦
លោកអ៊ូរហៅក្រុមង៉ុយ គឺជាកវីនិពន្ធកំណាព្យខ្មែរដ៏ល្បីឈ្មោះមួយរូប ហើយក៏ជាអ្នកលេងឧបករណ៍ភ្លេងខ្មែរ មានខ្សែរមួយប្រភេទហៅថា “ខ្សែរដៀវ” ផងដែរ។ គាត់ត្រូវបានព្រះមហាក្សត្រខ្មែរប្រទានព្រះបុរមងារជាផ្លូវការថា “ភិរម្យ ភាសា” មានន័យថាជាមនុស្សម្នាក់ដែលពូកែ ខាងប្រើប្រាស់ភាសាបានយ៉ាងល្អប្រសើរ។ អ៊ូរគឺជាឈ្មោះ ពិតពីកំនើតរបស់គាត់ ប៉ុន្តែក្រោយមកត្រូវបានស្តេចប្រទានឈ្មោះថ្មីឲ្យមួយផ្សេងទៀតហៅថា ង៉ុយ ដើម្បីកុំឲ្យជាន់ឈ្មោះគ្មាជាមួយមន្រ្តីរាជវាំងដែរមានឈ្មោះអ៊ូរដូចគ្នា។ កំនាព្យជាច្រើនរបស់គាត់ជាទូទៅមានគោលបំណងប្រៀនប្រដៅមនុស្សអំពីជីវិតរស់នៅរបស់ពួកគេ សំរាប់ទូន្មានក្មេងៗជំនាន់ក្រោយ ហើយនិងដើម្បីថែរក្សាការពារវប្បធម៌ និងអក្សរសាស្រ្តខ្មែរដែលត្រូវបានប្រើប្រាស់សំរាប់ជាយាន្តក្នុងការបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរទាំងមូល។ ក្រុមង៉ុយបានក្លាយទៅជានិមិត្តរូបខ្មែរក្នុងកំឡុងជំនាន់របស់គាត់ហើយ និងបន្តក្រោយមកទៀត។ កំណាព្យរបស់គាត់មានលក្ខណៈជួន ហើយរណ្តំយ៉ាងពិរោះ។ នៅពេលដែលបានស្តាប់ចំរៀងចាប៉ី ពួកគេមានអារម្មណ៍ថា ប្រៀបដូចជាមានមនុស្សកំពុង បំពេរអារម្មណ៍សន្តំចិត្តឲ្យលង់លក់ទៅតាមអត្ថន័យនៃបទចំរៀង និងចង្វាក់ភ្លេងដ៏ពិរោះដែលពោរពេញដោយអត្ថន័យខ្លឹមសារគួរឲ្យទាក់ទាញ ហើយមិនអាចបំភ្លេចបាន។
អត្ថបទខាងលើត្រូវបានបញ្ចូលគ្នានៃកំណាព្យដ៏ល្បីល្បាញរបស់ខ្មែរមួយចំនួនដូចជាច្បាប់ប្រុស ច្បាប់ស្រី ច្បាប់ក្រម ច្បាប់កេរតិ៍កាល និងច្បាប់ក្រុមង៉ុយជាដើម។